Top of page Skip to main content

ខ្មែរ​
ការកាត់បន្ថយពន្ធសម្រាប់អ្នកបង់ពន្ធគ្រប់រូប

អ្នកបង់ពន្ធអូស្ត្រាលីគ្រប់រូបកំពុងតែទទួលរងនូវ សម្ពាធនៃការចំំំណាយលើការរស់នៅ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជូននូវការកាត់បន្ថយពន្ធដល់អ្នកបង់ពន្ធអូស្ត្រាលីចំនួន 13.6 លាននាក់ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024 ពេលនេះពលរដ្ឋអូស្ត្រាលីគ្រប់រូបនឹងទទួលបាន ការកាត់បន្ថយពន្ធ។

រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរអត្រាពន្ធលើប្រាក់ចំណូលបុគ្គល និងកម្រិតប្រាក់ចំណូលទាំងនេះអនុវត្តចំពោះ (ដែលគេស្គាល់ថា "កម្រិតបង់ពន្ឋ")។

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024៖

  • អត្រាបង់ពន្ធ 19 ភាគរយ បន្ថយមកត្រឹម 16 ភាគរយ
  • អត្រាបង់ពន្ធ 32.5 ភាគរយ បន្ថយមកត្រឹម 30 ភាគរយ
  • កម្រិតបង់ពន្ឋ 37 ភាគរយ ត្រូវបានបង្កើនសម្រាប់ប្រាក់ចំណូលពី $120,000 ទៅ $135,000
  • កម្រិតបង់ពន្ឋ 45 ភាគរយ ត្រូវបានបង្កើនសម្រាប់ប្រាក់ចំណូលពី $180,000 ទៅ $190,000។

ការផ្លាស់ប្តូរនេះនឹងផ្តល់នូវការកាត់បន្ថយពន្ធដល់អ្នកបង់ពន្ធអូស្ត្រាលីគ្រប់រូប។


អំពីការកាត់បន្ថយពន្ធ

តើពេលណាខ្ញុំនឹងទទួលបានការកាត់បន្ថយពន្ធ?

អត្រាពន្ធថ្មីលើប្រាក់ចំណូលសម្រាប់បុគ្គល និងកម្រិតបង់ពន្ធថ្មី នឹងអនុវត្តចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024។

សម្រាប់អ្នកបង់ពន្ធភាគច្រើន ការកាត់បន្ថយពន្ធរបស់អ្នកនឹងឃើញមាននៅក្នុងបៀវត្សរ៍របស់អ្នក រៀងរាល់ថ្ងៃបើកបៀវត្សរ៍។

អ្នកបង់ពន្ធផ្សេងទៀតនឹងទទួលបានការកាត់បន្ថយពន្ធ នៅពេលគេបានដាក់ និងដំណើរការប្រកាសពន្ធលើប្រាក់ចំណូលនៅចុងឆ្នាំហិរញ្ញវត្ថុ 2024-2025។

ការកាត់បន្ថយពន្ធនេះមិនប៉ះពាល់ដល់ការប្រកាសពន្ធនៅឆ្នាំ 2023-2024 របស់អ្នកទេ។

អ្នកអាចប្រើម៉ាស៊ីនគិតលេខការកាត់បន្ថយពន្ធដើម្បីប៉ាន់ស្មានការកាត់បន្ថយពន្ធប្រចាំឆ្នាំរបស់អ្នក។

តើខ្ញុំនឹងទទួលបានការកាត់បន្ថយពន្ធដូចម្តេច?

ប្រសិនបើអ្នកជានិយោជិត និយោជករបស់អ្នកនឹងធ្វើបច្ចុប្បន្នភាពការកាត់ពន្ធទុកលើប្រាក់ចំណូលដែលអ្នកកំពុងរកបាន ចេញពីបៀវត្សរ៍របស់អ្នករៀងរាល់ថ្ងៃបើកបៀវត្សរ៍។។ សូមមើលលិខិតបើកបៀវត្សរ៍របស់អ្នក ហើយប្រសិនបើអ្នកនៅតែមិនច្បាស់ថាតើអ្នកពិតជាទទួលបានការកាត់បន្ថយពន្ធឬអត់ ចូរសួរនិយោជករបស់អ្នកថាតើគេប្រើអត្រាកាត់ពន្ធថ្មីឬអត់។ និយោជកត្រូវតែប្រើអត្រាកាត់ពន្ធ និងតារាងកាត់ពន្ធថ្មីចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024។ តារាងកាត់ពន្ធថ្មីអាចរកបាននៅលើគេហទំព័រ ato.gov.au/taxtables។

តើការកាត់បន្ថយពន្ធគឺជាអ្វី?

ការកាត់បន្ថយពន្ធគឺជាការផ្លាស់ប្តូរចំពោះអត្រាពន្ធលើប្រាក់ចំណូលបុគ្គល និងកម្រិតបង់ពន្ធ ដែលបណ្តាលឱ្យមានកាត់បន្ថយនូវកម្រិតជាប់ពន្ធរបស់អ្នកបង់ពន្ធ (ចំនួននៃពន្ធលើប្រាក់ចំណូលដែលបុគ្គលគ្រប់រូបត្រូវតែបង់)។

ការកាត់បន្ថយពន្ធនេះខុសពីពន្ធបង្វិលសងវិញ ដែលជាចំនួនប្រាក់ដែលអ្នកទទួលបានពីការិយាល័យពន្ធដារអូស្ត្រាលី (ATO) ប្រសិនបើអ្នកបង់ពន្ធលើសពីចំនួនដែលអ្នកត្រូវបង់ នៅពេលអ្នកដាក់ពាក្យប្រកាសពន្ធរបស់អ្នកនៅចុងឆ្នាំហិរញ្ញវត្ថុ។

តើ​អត្រា​ពន្ធ​លើប្រាក់​ចំណូល និង​កម្រិតបង់​ពន្ធ​មាន​ដំណើរការ​ដូចម្តេចដែរ?

ប្រសិន​បើ​អ្នក​ជា​អ្នកបង់ពន្ឋ​អូស្ត្រាលី អ្នក​នឹងមានសិទ្ឋិទទួល​បាន​កម្រិតមិនត្រូវ​បង់​ពន្ធចំនួន $18,200។ នេះ​មាន​ន័យ​ថា​អ្នក​អាច​រក​បាន​ប្រាក់​ចំណូលបាន​រហូត​ដល់ទៅ $18,200 រៀង​រាល់​ឆ្នាំ​ ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។

ប្រសិន​បើ​អ្នករកបាន​ប្រាក់​ចំណូលចន្លោះ​​ពី $18,201 ទៅ $45,000៖

  • ​ប្រាក់​ចំណូល $18,200 ​ដំបូងរបស់អ្នកនៅ​តែ​មិន​ចាំ​បាច់​បង់​ពន្ធ ហើយ
  • អ្នក​នឹង​ត្រូវ​បង់​ពន្ធ​ 16 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានចន្លោះ​ពី​ $18,201 និង $45,000។

ប្រសិន​បើ​អ្នករក​បាន​ប្រាក់​ចំណូលចន្លោះ​ពី $45,001 and $135,000៖

  • ​ប្រាក់​ចំណូល $18,200 ​ដំបូងរបស់អ្នកនៅ​តែ​មិន​ចាំ​បាច់​បង់​ពន្ធ ហើយ
  • អ្នក​នឹង​ត្រូវ​បង់​ពន្ធ​ 16 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានចន្លោះ​ពី​ $18,201 និង $45,000 បូក​នឹង
  • 30 សេនក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានចន្លោះ​ពី $45,001 និង $135,000។

ប្រសិន​បើ​អ្នករក​បាន​ប្រាក់​ចំណូល​ចន្លោះពី $135,001 និង $190,000៖

  • ​ប្រាក់​ចំណូល $18,200 ​ដំបូងរបស់អ្នកនៅ​តែ​មិន​ចាំ​បាច់​បង់​ពន្ធ ហើយ
  • អ្នក​នឹង​ត្រូវ​បង់​ពន្ធ​ 16 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានចន្លោះ​ពី​ $18,201 និង $45,000 បូក​នឹង
  • ​ពន្ធ 30សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បាន​ចន្លោះ​ពី $45,001 និង $135,000 បូក​និង
  • ពន្ធ​ 37សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បាន​ចន្លោះ​ពី $135,001 និង $190,000។

ប្រសិន​បើ​អ្នក​រក​បាន​ប្រាក់​ចំណូល​​លើស​ពី $190,000៖

  • ប្រាក់​ចំណូល $18,200 ​ដំបូងរបស់អ្នកនៅ​តែ​មិន​ចាំ​បាច់​បង់​ពន្ធ ហើយ
  • អ្នក​នឹង​ត្រូវ​បង់​ពន្ធ​ 16 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានចន្លោះ​ពី​ $18,201 និង $45,000 បូក​នឹង
  • ​ពន្ធ 30សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បាន​ចន្លោះ​ពី $45,001 និង $135,000 បូក​និង
  • ​ពន្ធ​ 37 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បាន​ចន្លោះ​ពី $135,001 និង $190,000 បូក​និង
  • ​ពន្ធ​ 45 សេន​ក្នុង​មួយ​ដុល្លារ​ដែល​អ្នក​រក​បានលើស​ពីកម្រិតបង់ពន្ឋ $190,000។

អ្នក​បង់​ពន្ធ​មួយ​ចំនួន​ទៀត ដូច​ជា​អ្នក​បង់​ពន្ធ​មាន​ប្រាក់​ចំណូល​ទាប និង​ពលរដ្ឋ​មាន​វ័យ​ចំណាស់ (មនុស្ស​ចាស់) ក៏​អាច​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​ផង​ដែរ (ពេលខ្លះ​ហៅ​ថា​ការបង្វិលពន្ធ) ដែល​កាត់បន្ថយដោយផ្ទាល់នូវ​បំណុលពន្ធ​ចុង​ក្រោយរបស់ពួកគេ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូលរបស់អ្នក សូម​មើល គេហទំព័រ​ការិយាល័យ​ពន្ធ​ដា​រអូស្ត្រាលី (ភាសា​អង់គ្លេស)


ការ​ឧបត្ថម្ភ​លើ​ថ្លៃ​ចំណាយ​លើ​ការ​រស់​នៅ

ការ​ជួយ​លើ​ថ្លៃ​ចំណាយ​លើ​ការ​រស់​នៅ

រដ្ឋាភិបាល​អូស្ត្រាលី​ទទួល​ស្គាល់​ថាគ្រួសារជា​ច្រើន​កំពុង​ទទួល​រង​នូវ​សម្ពាធ​នៃការចំណាយលើការរស់នៅ។ រដ្ឋាភិបាលកំពុង​ផ្តល់​នូវ​ការ​កាត់​បន្ថយ​ពន្ធ​សម្រាប់​អ្នក​បង់​ពន្ធ​អូស្ត្រាលី​គ្រប់​រូប។

ការ​ជួយ Priya

Priya​ រស់​នៅ​តំបន់​ជន​បទ​អូស្ត្រាលី។ នាង​រក​បាន​ប្រាក់​ចំណូល $90,000 និង​បាន​បង់​ពន្ធលើប្រាក់​ចំណូល​ $21,517 ដោយ​រួម​បញ្ចូល​ទាំង​អត្រាពន្ឋ​ Medicare 2 ភាគរយ​ផង​ក្នុង​ឆ្នាំ 2023-24។ ជា​មួយនឹងបៀវត្សរ៍ដដែល Priya នឹង​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ​ប្រចាំឆ្នាំចំនួន $1,929 ក្នុង​ឆ្នាំ 2024-25។


ម៉ាស៊ីន​គិត​លេខ​ការ​កាត់​បន្ថយ​ពន្ធ

អ្នក​បង់​ពន្ធ​អូស្ត្រាលី​ទាំង 13.6 លាន​នាក់​នឹង​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ។ អ្នក​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​ការ​កាត់​បន្ថយ​ពន្ធ​របស់​អ្នក​ដោយ​ប្រើ​ម៉ាស៊ីន​គិត​លេខ*។

ប៉ាន់​ស្មាន​ការ​កាត់​បន្ថយ​ពន្ធ​របស់​អ្នក

បុគ្គល​ម្នាក់ៗដែល​មាន​ប្រាក់​ចំណូលបង់ពន្ឋ​​ក្រោម $22,575 មិន​ត្រូវ​បង់​ពន្ធ​លើប្រាក់​ចំណូល​ទេ ដោយ​សារ​តែ​ប្រាក់​ចំណូល $18,200​ ក្នុងកម្រិតមិនត្រូវ​បង់​ពន្ធ និង​ប្រាក់បន្ថយ​ពន្ធ​សម្រាប់ប្រាក់​ចំណូល​ទាប។ ចំណាំ ៖

* ការបដិសេធន៍ទទួលខុសត្រូវ

  • ឧបករណ៍​នេះ​ផ្តល់​ជូន​ជា​តំណាង ​ដោយ​ផ្អែក​ទៅលើ​ប្រាក់​ចំណូល​ជាប់ពន្ឋរបស់​បុគ្គលម្នាក់ៗ។ ចំនួន​សរុប​ដែល​បាន​គណនា គឺជា​ទឹក​ប្រាក់​កាត់ពន្ធប្រចាំឆ្នាំរបស់អ្នក។
  • អាស្រ័យលើ​ស្ថានភាព​បុគ្គលម្នាក់ៗ ការ​កាត់​បន្ថយ​ពន្ធ​របស់​អ្នក​អាច​នឹង​មិន​ទទួល​បាន​ជាចំនួនដុំ​នោះ​ទេ។ សម្រាប់​អ្នក​បង់​ពន្ធ​ភាគ​ច្រើន​ ការ​កាត់​បន្ថយ​ពន្ធ​នឹង​នឹង​បង្ហាញជាបន្តបន្ទាប់រៀងរាល់​ពេល​បើក​បៀវត្សរ៍ម្តងៗ។
  • ការ​ប៉ាន់​ស្មាន​ក្នុង​ឧបករណ៍​នេះ​ផ្អែក​ទៅ​លើ​ការ​ប្រៀប​ធៀប​អត្រា​ពន្ធ​នៅឆ្នាំ 2023-24 និងកម្រិតបង់ពន្ឋ ជាមួយ​នឹង​អត្រា​ពន្ធ​ឆ្នាំ 2024-25 និងកម្រិតបង់ពន្ឋ។
  • ការ​កាត់​បន្ថយលើ​កាតព្វកិច្ច​បង់​ពន្ធ​ត្រូវ​បាន​គណនា​ដោយ​រាប់​បញ្ចូល​​​មាត្រដ្ឋាន​ពន្ធ​មូលដ្ឋាន ការ​បន្ថយពន្ធ​លើប្រាក់​ចំណូល​ទាប (ប្រសិន​បើ​មាន) និង​ការ​បង់​ពន្ឋ Medicare សម្រាប់​ឆ្នាំប្រាក់​ចំំណូលរៀងៗខ្លួនតែប៉ុណ្ណោះ។
  • ឧបករណ៍​នេះ​ប្រើ​សម្រាប់​គោលបំណងបង្ហាញតែ​ប៉ុណ្ណោះ។
  • វា​មិន​គិត​ពីស្ថាន​ភាព​បុគ្គលដែល​អាច​នឹង​ទទួល​បាន​លទ្ធផល​បង់​ពន្ធ​ជាក់ស្តែង ខុស​ពី​អ្វីដែល​បង្ហាញ​ខាង​លើ​នេះទេ។
  • ឧបករណ៍​នេះ​គ្មាន​គោល​បំណង​ដើម្បី​ផ្តល់ដំបូន្មាន​ផ្នែក​ពន្ធ​ដារ ឬហិរញ្ញវត្ថុ​ទេ ហើយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​វា​ថា​ជាការ​វាយ​តម្លៃ​ត្រឹម​ត្រូវ​លើ​កិច្ច​ការ​ពន្ធ​ដារ​របស់​បុគ្គលម្នាក់ៗនោះ​ទេ។
  • អ្នក​បង់​ពន្ធ​ត្រូវ​តែ​ស្វែង​រក​ដំបូន្មាន​អ្នក​ជំនាញ​ខាង​ពន្ធ​ដារ​ឯករាជ្យ​លើកិច្ចការ​ពន្ធ​ដារ និង​កិច្ច​ការ​ហិរញ្ញវត្ថុ​របស់​ពួកគេ (តាម​សមស្រប)។

ឯកសារផ្សេងៗ

យុទ្ធនាការកាត់បន្ថយពន្ធរួមមានសម្ភារៈផ្សេងៗដើម្បីជម្រាបដល់អ្នកបង់ពន្ធអូស្ត្រាលីស្តីពីការផ្លាស់ប្តូរពន្ធរបស់រដ្ឋាភិបាល។

ព័ត៌មានពីការកាត់បន្ថយពន្ធ